5. ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។
6. រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។
7. អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។
8. អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
9. ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។
10. គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្តអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវ បានលាងជើងជូនប្រជាជនដ៏វិសុទ្ធ* បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្តទុកដាក់ ប្រព្រឹត្តអំពើល្អសព្វបែបយ៉ាង។
11. ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្ដមិនខាន
12. ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។
13. មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។
14. ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ
15. ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។
16. ប្រសិនបើស្ត្រីម្នាក់ ដែលជាអ្នកជឿ មានស្ត្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យក្រុមជំនុំ*ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបម្រុងស្ត្រីមេម៉ាយដែលគ្មានទីពឹង។