8. យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។
9. យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ
10. ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ
11. ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។
12. ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ទ្រង់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។
13. ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។
14. ប៉ុន្តែ ព្រះគុណរបស់ព្រះអម្ចាស់នៃយើងមានច្រើនពន់ប្រមាណ ទ្រង់ប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
15. ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។
16. ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រិស្ដយេស៊ូសម្តែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។
17. សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ចជាព្រះជាម្ចាស់តែមួយព្រះអង្គមានព្រះជន្មមិនចេះសាបសូន្យដែលមនុស្សមើលពុំឃើញបានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
18. ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នក ស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ
19. ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។