5. ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។
6. អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសម្ដីឥតខ្លឹមសារ
7. គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
8. យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។
9. យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ
10. ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ
11. ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។
12. ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ទ្រង់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។
13. ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។
14. ប៉ុន្តែ ព្រះគុណរបស់ព្រះអម្ចាស់នៃយើងមានច្រើនពន់ប្រមាណ ទ្រង់ប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។