10. បានសោយទិវង្គតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។
11. ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
12. បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និងអប់រំបងប្អូន។
13. ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
14. បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសម្រាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្តអត់ធ្មត់ ចំពោះមនុស្សទួទៅផង។
15. ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
16. ចូរមានអំណរសប្បាយជានិច្ច
17. ចូរអធិស្ឋានឥតឈប់ឈរ
18. ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យឲ្យបងប្អូន ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូធ្វើដូច្នេះឯង។
19. កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ
20. កុំមើលងាយការថ្លែងព្រះបន្ទូល
21. ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។
22. ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
23. សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឲ្យបានវិសុទ្ធ*ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងយាងមក។
24. ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។
25. បងប្អូនអើយ សូមអធិស្ឋាន*ឲ្យយើងផង។
26. សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
27. ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអាន សំបុត្រនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។