1. បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ នៅទីបំផុត យើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
2. បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។
3. ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ* ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។
4. ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយវិសុទ្ធ និងថ្លៃថ្នូរ
5. ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។
6. មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។
7. ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានវិសុទ្ធវិញ។
8. ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។
9. រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក
10. ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្តែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។
11. ចូរយកចិត្តទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។