3. ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។
4. កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជម្រាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។
5. ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេឲ្យមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលឲ្យការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។
6. ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។
7. ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។