14. បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។
15. អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់!
16. ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កម្រិត ហើយនៅទីបំផុត ពួកគេនឹងត្រូវទទួលទោសមិនខាន។
17. បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។
18. ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។