1. យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំ*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតា និងជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមព្រះអង្គប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
2. យើងតែងតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។
3. នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្តស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្តសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។
4. បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន
5. ដ្បិតយើងបាននាំដំណឹងល្អ*មកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ* និងមានចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តយ៉ាងណាសម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។
6. បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។
7. ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ
8. ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
9. មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។