១ កូរិន‌ថូស 9:19-27 Khmer Standard Version (KHSV)

19. ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ដ។

20. កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ដ។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ដែរ។

21. កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ដ (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ដ)។

22. កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ដ។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។

23. ព្រោះ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។

24. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង‌ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។

25. អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែងតែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តម្រា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ​ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។

26. ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។

27. ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

១ កូរិន‌ថូស 9