18. ដូច្នេះ តើខ្ញុំនឹងបានទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។
19. ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួន ធ្វើជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើន ឲ្យមានជំនឿលើព្រះគ្រិស្ដ។
20. កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេឲ្យមានជំនឿលើព្រះគ្រិស្ដ។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ កាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យ ខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យដែរ។
21. កាលខ្ញុំនៅជាមួយអស់អ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំធ្វើដូចអ្នកដែលគ្មានក្រឹត្យវិន័យ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រិស្ដ (តាមពិត ខ្ញុំមិនមែនជាអ្នកគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ)។
22. កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រិស្ដ។ ខ្ញុំធ្វើឲ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។
23. ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ដើម្បីឲ្យបានចូលរួមទទួលផលពីដំណឹងល្អនោះ។
24. បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។
25. អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធ្វើតាមក្បួនតម្រាគ្រប់យ៉ាង ដើម្បីឲ្យបានទទួលភួងជ័យ ដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញ យើងនឹងទទួលភួងជ័យដែលមិនចេះរលាយសាបសូន្យឡើយ។