14. រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។
15. ចំពោះខ្ញុំ ខ្ញុំពុំដែលប្រើសិទ្ធិទាំងនេះទាល់តែសោះ ហើយខ្ញុំសរសេរដូច្នេះ ក៏ពុំមែនចង់ទាមទារយកសិទ្ធិនោះមកប្រើដែរ សូវស្លាប់ល្អជាង! គ្មាននរណាអាចដកយកកិត្តិយសនេះ ចេញពីខ្ញុំបានឡើយ។
16. ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!។
17. ប្រសិនបើខ្ញុំស្ម័គ្រចិត្តផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ។
18. ដូច្នេះ តើខ្ញុំនឹងបានទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។