10. ព្រះអង្គមានព្រះបន្ទូលដូច្នេះ មកពីព្រះអង្គគិតដល់យើង។ ពិតមែនហើយ ក្នុងគម្ពីរមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។
11. យើងបានសាបព្រោះព្រះបន្ទូលដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្តិលោកីយ៍ពីបងប្អូន តើមានអ្វីគួរឲ្យអស្ចារ្យ!
12. ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្តែ យើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អ*របស់ព្រះគ្រិស្ដ*។
13. បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងព្រះវិហារតែងតែទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកថ្វាយយញ្ញបូជានៅលើអាសនៈ* ក៏ទទួលសាច់ពីអាសនៈដែរ។
14. រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។
15. ចំពោះខ្ញុំ ខ្ញុំពុំដែលប្រើសិទ្ធិទាំងនេះទាល់តែសោះ ហើយខ្ញុំសរសេរដូច្នេះ ក៏ពុំមែនចង់ទាមទារយកសិទ្ធិនោះមកប្រើដែរ សូវស្លាប់ល្អជាង! គ្មាននរណាអាចដកយកកិត្តិយសនេះ ចេញពីខ្ញុំបានឡើយ។
16. ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!។
17. ប្រសិនបើខ្ញុំស្ម័គ្រចិត្តផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ។
18. ដូច្នេះ តើខ្ញុំនឹងបានទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។
19. ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួន ធ្វើជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើន ឲ្យមានជំនឿលើព្រះគ្រិស្ដ។
20. កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេឲ្យមានជំនឿលើព្រះគ្រិស្ដ។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ កាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យ ខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យដែរ។