១ កូរិន‌ថូស 8:6-11 Khmer Standard Version (KHSV)

6. ក៏​យើង​ជឿ​ថា មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌អង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ដ*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​ព្រះ‌អង្គ​ដែរ។

7. ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ ដែល​ដឹង​សេចក្ដី​នេះ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ក្លែង‌ក្លាយ​នៅ​ឡើយ គេ​បរិភោគ​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន ហើយ​ដោយ​គេ​រិះគិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅ‌ហ្មង។

8. តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ​យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។

9. ហេតុ​នេះ​សូម​បង‌ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បង‌ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។

10. បង‌ប្អូន​ជា​អ្នក​ចេះ​ដឹង​អើយ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​មន‌សិការ​ទន់​ខ្សោយ ឃើញ​បង‌ប្អូន​អង្គុយ​បរិភោគ​ក្នុង​វិហារ​របស់​ព្រះ‌ក្លែង‌ក្លាយ នោះ​គេ​មុខ​ជា​យល់​ឃើញ​ថា ខ្លួន​អាច​បរិភោគ​សាច់​ដែល​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​ជា​មិន​ខាន។

11. ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្តែ ការ​ចេះ​ដឹង​របស់​បង‌ប្អូន បែរ​ជា​នាំ​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ​វិញ!

១ កូរិន‌ថូស 8