6. ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។
7. ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្តែ ម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួនពីព្រះជាម្ចាស់ ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។
8. ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។
9. ប៉ុន្តែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកឲ្យចិត្តនៅពុះកញ្ជ្រោល។
10. ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។
11. ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬមួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។
12. ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជម្រាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។
13. រីឯស្ត្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ
14. ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ*ទេ!។ ក៏ប៉ុន្តែ តាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។
15. បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ត។
16. បងប្អូនជាស្ត្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?
17. ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅឲ្យបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានឲ្យ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់ឲ្យក្រុមជំនុំ*ទាំងអស់ធ្វើតាមសេចក្ដីនេះ។
18. នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។