29. បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ
30. អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ
31. ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។
32. ខ្ញុំមិនចង់ឲ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។
33. រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ
34. ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ត្រីដែលគ្មានប្ដី និងស្ត្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ត្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្ដី។
35. ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន មិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់ឲ្យបងប្អូនរស់នៅបានល្អប្រសើរ ជាប់ចិត្តនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។
36. ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំឲ្យបាក់មុខ ហើយបើចិត្តរបស់គេឆាបឆួលចង់យកនាង ត្រូវធ្វើតាមចិត្តខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។
37. រីឯអ្នកដែលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្តបាន ហើយសម្រេចចិត្តថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។
38. ដូច្នេះ អ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត។
39. ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្តនាង ឲ្យតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។
40. ក៏ប៉ុន្តែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។