15. បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ត។
16. បងប្អូនជាស្ត្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?
17. ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅឲ្យបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានឲ្យ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់ឲ្យក្រុមជំនុំ*ទាំងអស់ធ្វើតាមសេចក្ដីនេះ។
18. នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។
19. ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្តិតាមបទបញ្ជា*របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។
20. នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះ តទៅមុខទៀតទៅ។
21. ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបម្រើគេ កុំខ្វល់ខ្វាយអ្វី។ ប៉ុន្តែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសឲ្យបានទៅជាអ្នកជាចុះ
22. ដ្បិតខ្ញុំបម្រើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើព្រះគ្រិស្ដ។
23. ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាខ្ញុំបម្រើរបស់មនុស្សទៀតឡើយ។
24. បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គតទៅមុខទៀតទៅ។
25. រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។