7. គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន?
8. ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។
9. បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្តអំពើទុច្ចរិត ពុំអាចទទួលព្រះរាជ្យ*ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
10. ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
11. កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
12. ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយឲ្យអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំបានឡើយ។
13. អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចំអែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។
14. ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ ឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។
15. បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ដ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះគ្រិស្ដ ទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ?
16. ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។
17. រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។
18. ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។
19. បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ