6. បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។
7. សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធ*ផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្ដធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង* រួចស្រេចទៅហើយ។
8. ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
9. ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរមកជម្រាបបងប្អូនថា កុំទាក់ទងនឹងអ្នកដែលប្រព្រឹត្តកាមគុណថោកទាប ឲ្យសោះ។
10. ខ្ញុំនិយាយដូច្នេះមិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្តកាមគុណថោកទាបទួទៅក្នុងលោកនេះ ឬសំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬអ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ!
11. ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្ដបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេ ថ្វាយបង្គំព្រះក្លែងក្លាយ ជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួមជាមួយជនប្រភេទនេះឡើយ។
12. ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង!
13. ចំពោះអ្នកដែលនៅខាងក្រៅ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ»។