1. មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
2. ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។
3. ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។
4. ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធានុភាពរបស់ព្រះអង្គក៏ស្ថិតនៅជាមួយដែរ
5. ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។
6. បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។
7. សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធ*ផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្ដធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង* រួចស្រេចទៅហើយ។
8. ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។