7. តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ?
8. បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។
9. បើតាមខ្ញុំយល់ឃើញព្រះជាម្ចាស់ប្រទានឲ្យយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។
10. យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ដ យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានកិត្តិយស តែយើងត្រូវគេមើលងាយ។
11. សូម្បីតែនៅពេលនេះក្ដី យើងនៅតែឃ្លាន នៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។
12. យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងឲ្យពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ
13. ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។
14. ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឲ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។
15. ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រិស្ដក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយព្រះយេស៊ូគ្រិស្ដ* ដោយបាននាំដំណឹងល្អ*មកជូនបងប្អូន។