១ កូរិន‌ថូស 4:6-9 Khmer Standard Version (KHSV)

6. បង‌ប្អូន​អើយ ព្រោះ​តែ​បង‌ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បង‌ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង‌ប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។

7. តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះ‌អង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះ‌អង្គ​ទៅ​វិញ?

8. បង‌ប្អូន​បាន​ឆ្អែត​ស្កប់‌ស្កល់​ហើយ! បង‌ប្អូន​មាន​ស្ដុក‌ស្ដម្ភ​ហើយ! បង‌ប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បង‌ប្អូន​ផង។

9. បើ​តាម​ខ្ញុំ​យល់​ឃើញ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង ដែល​ជា​សាវ័ក*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​ឲ្យ​គ្រប់ៗ​គ្នា​ឃើញ ទាំង​ទេវតា* ទាំង​មនុស្ស​លោក។

១ កូរិន‌ថូស 4