6. បងប្អូនអើយ ព្រោះតែបងប្អូនហើយ បានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់មកនិយាយជាឧទាហរណ៍ ដើម្បីឲ្យបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវឲ្យមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។
7. តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ?
8. បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។
9. បើតាមខ្ញុំយល់ឃើញព្រះជាម្ចាស់ប្រទានឲ្យយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។
10. យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ដ យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានកិត្តិយស តែយើងត្រូវគេមើលងាយ។
11. សូម្បីតែនៅពេលនេះក្ដី យើងនៅតែឃ្លាន នៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។
12. យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងឲ្យពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ
13. ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។
14. ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឲ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។
15. ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រិស្ដក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយព្រះយេស៊ូគ្រិស្ដ* ដោយបាននាំដំណឹងល្អ*មកជូនបងប្អូន។
16. ដូច្នេះ ខ្ញុំសុំទូន្មានបងប្អូនថា សូមយកតម្រាប់តាមខ្ញុំ។
17. ក្នុងករណីនេះ ខ្ញុំបានចាត់លោកធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលស្មោះត្រង់នឹងព្រះអម្ចាស់ឲ្យមករកបងប្អូន។ គាត់នឹងរំឭកបងប្អូន អំពីរបៀបរស់នៅស្របតាមមាគ៌ារបស់ព្រះគ្រិស្ដ ដូចខ្ញុំតែងប្រៀនប្រដៅក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែងស្រាប់។
18. អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ោង។
19. ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះ ខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្តផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសម្ដីរបស់គេប៉ុណ្ណោះទេ
20. ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនស្ថិតនៅលើពាក្យសម្ដីទេ គឺស្ថិតនៅលើការប្រព្រឹត្តវិញ។
21. តើបងប្អូនចង់ឲ្យខ្ញុំធ្វើអ្វី? ឲ្យខ្ញុំមករកបងប្អូន ដោយយករំពាត់មកជាមួយ ឬក៏ចង់ឲ្យយកសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូតមកជាមួយ?