2. រីឯអ្នកមើលខុសត្រូវគួរតែមានចិត្តស្មោះត្រង់។
3. ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ
4. ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។
5. ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
6. បងប្អូនអើយ ព្រោះតែបងប្អូនហើយ បានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់មកនិយាយជាឧទាហរណ៍ ដើម្បីឲ្យបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវឲ្យមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។
7. តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ?
8. បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។
9. បើតាមខ្ញុំយល់ឃើញព្រះជាម្ចាស់ប្រទានឲ្យយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។
10. យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ដ យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានកិត្តិយស តែយើងត្រូវគេមើលងាយ។
11. សូម្បីតែនៅពេលនេះក្ដី យើងនៅតែឃ្លាន នៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។
12. យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងឲ្យពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ
13. ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។
14. ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឲ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។