1. រីឯការរៃប្រាក់ ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ
2. គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
3. កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។
4. បើយល់ឃើញថា គួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
5. ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។
6. ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីឲ្យបងប្អូនជួយខ្ញុំក្នុងការបន្តដំណើរទៅមុខទៀត។