1. រីឯការរៃប្រាក់ ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ
2. គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
3. កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។
4. បើយល់ឃើញថា គួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
5. ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។
6. ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីឲ្យបងប្អូនជួយខ្ញុំក្នុងការបន្តដំណើរទៅមុខទៀត។
7. លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្តិច។
8. ក៏ប៉ុន្តែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូនេះ រហូតដល់បុណ្យថ្ងៃទីហាសិប
9. ដ្បិតទ្វារបើកចំហយ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។
10. ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើព្រះអម្ចាស់ដូចខ្ញុំដែរ។
11. ហេតុនេះ កុំឲ្យមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ ឲ្យបន្តដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្តផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។