១ កូរិន‌ថូស 15:9-15 Khmer Standard Version (KHSV)

9. ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់។

10. ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។

11. ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ជឿ។

12. ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ដ*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?

13. ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ដ​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ

14. ហើយ​បើ​ព្រះ‌គ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បង‌ប្អូន ក៏​គ្មាន​ន័យ​អ្វី​ដែរ។

15. បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ អំពី​ព្រះ‌ជាម្ចាស់​ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ដែរ

១ កូរិន‌ថូស 15