8. ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ
9. ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់។
10. ប៉ុន្តែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។
11. ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អ*នេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។
12. ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ដ*មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
13. ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្ដក៏មិនមានព្រះជន្មរស់ឡើងវិញដែរ
14. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។
15. បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីព្រះជាម្ចាស់ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ។ ប៉ុន្តែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញដែរ
16. ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្ដក៏មិនរស់ឡើងវិញដែរ
17. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។
18. រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ដ ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
19. ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ដ សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!
20. ប៉ុន្តែ ព្រះគ្រិស្ដពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។
21. បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។
22. មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយ៉ាងនោះដែរ
23. ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស*របស់ព្រះគ្រិស្ដនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។
24. បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្ដនឹងប្រគល់ព្រះរាជ្យ*ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។
25. ព្រះគ្រិស្ដត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។
26. សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។