6. បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានទទួលមរណភាព ផុតទៅហើយ។
7. បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។
8. ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ
9. ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់។
10. ប៉ុន្តែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។
11. ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អ*នេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។
12. ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ដ*មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
13. ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្ដក៏មិនមានព្រះជន្មរស់ឡើងវិញដែរ
14. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។