45. ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។
46. មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។
47. មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ*។
48. អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។
49. យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។
50. បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។
51. ខ្ញុំសូមជម្រាបបងប្អូនអំពីគម្រោងការដ៏លាក់កំបាំងមួយ គឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្តែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា
52. ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ
53. ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវទទួលយកភាពអមតៈ។
54. នៅពេលរូបកាយដែលតែងតែរលួយនេះ បានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចគឺថា: «ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ!
55. មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?»។