១ កូរិន‌ថូស 15:33-45 Khmer Standard Version (KHSV)

33. សូម​បង‌ប្អូន​កុំ​ភាន់‌ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។

34. ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ខ្មាស​ខ្លួន។

35. ប្រហែល​ជា​មាន​ម្នាក់​ចង់​សួរ​ថា: «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។

36. មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ស្លាប់​សិន។

37. គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ

38. ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។

39. រីឯ​សត្វ​លោក​ទាំង​អស់ ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។

40. រូប​កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប​កាយ​នៅ​លើ​ផែន‌ដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថាន‌សួគ៌​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែន‌ដី។

41. ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។

42. ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។

43. រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុងរឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។

44. រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ធម្ម‌ជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្ម‌ជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។

45. ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត»។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់ បាន​ទៅ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។

១ កូរិន‌ថូស 15