22. មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយ៉ាងនោះដែរ
23. ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស*របស់ព្រះគ្រិស្ដនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។
24. បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្ដនឹងប្រគល់ព្រះរាជ្យ*ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។
25. ព្រះគ្រិស្ដត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។
26. សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។
27. ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដរួចស្រេចហើយ។ ក៏ប៉ុន្តែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា “ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ” ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រិស្ដនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដឡើយ។
28. លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីឲ្យព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
29. ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក* សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹកសម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី?
30. រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះ បានប្រយោជន៍អ្វីដែរ?
31. បងប្អូនអើយ រៀងរាល់ថ្ងៃខ្ញុំប្រឈមមុខតទល់នឹងសេចក្ដីស្លាប់ជានិច្ច។ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា សេចក្ដីនេះពិតមែន ដូចបងប្អូនជាកិត្តិយសរបស់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងស្រាប់ហើយ។
32. ប្រសិនបើខ្ញុំគិតតាមតែទស្សនៈរបស់មនុស្សប៉ុណ្ណោះ តើខ្ញុំតយុទ្ធនឹងសត្វសាហាវ នៅក្រុងអេភេសូបានប្រយោជន៍អ្វី? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ចូរយើងនាំគ្នាគិតតែពីស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងមុខតែស្លាប់មិនខាន។
33. សូមបងប្អូនកុំភាន់ច្រឡំ “មិត្តអាក្រក់តែងនាំឲ្យខូចទម្លាប់ល្អ”។
34. ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្តអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូន មិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យបងប្អូនខ្មាសខ្លួន។
35. ប្រហែលជាមានម្នាក់ចង់សួរថា: «តើមនុស្សស្លាប់នឹងរស់ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។
36. មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាស្លាប់សិន។
37. គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ
38. ប៉ុន្តែ ព្រះជាម្ចាស់ប្រទានឲ្យគ្រាប់នោះមានរូបរាង ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គប្រទានឲ្យគ្រាប់ពូជនីមួយៗដុះឡើង មានរូបរាងរបស់វាផ្ទាល់។
39. រីឯសត្វលោកទាំងអស់ ក៏មានសាច់ផ្សេងៗពីគ្នាដែរ គឺមនុស្សមានសាច់ម្យ៉ាង សត្វចតុប្បាទមានសាច់ម្យ៉ាង សត្វស្លាបមានសាច់ម្យ៉ាង ហើយត្រីមានសាច់ម្យ៉ាង។
40. រូបកាយនៅស្ថានសួគ៌ និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។
41. ពន្លឺថ្ងៃ ភ្លឺខុសពីពន្លឺលោកខែ និងពន្លឺផ្កាយ ហើយសូម្បីតែផ្កាយក៏មានពន្លឺប្លែកៗពីគ្នា។