16. ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្ដក៏មិនរស់ឡើងវិញដែរ
17. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។
18. រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ដ ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
19. ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ដ សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!
20. ប៉ុន្តែ ព្រះគ្រិស្ដពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។
21. បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។
22. មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយ៉ាងនោះដែរ
23. ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស*របស់ព្រះគ្រិស្ដនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។
24. បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្ដនឹងប្រគល់ព្រះរាជ្យ*ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។
25. ព្រះគ្រិស្ដត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។
26. សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។
27. ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដរួចស្រេចហើយ។ ក៏ប៉ុន្តែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា “ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ” ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រិស្ដនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដឡើយ។
28. លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីឲ្យព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
29. ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក* សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹកសម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី?
30. រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះ បានប្រយោជន៍អ្វីដែរ?
31. បងប្អូនអើយ រៀងរាល់ថ្ងៃខ្ញុំប្រឈមមុខតទល់នឹងសេចក្ដីស្លាប់ជានិច្ច។ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា សេចក្ដីនេះពិតមែន ដូចបងប្អូនជាកិត្តិយសរបស់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងស្រាប់ហើយ។
32. ប្រសិនបើខ្ញុំគិតតាមតែទស្សនៈរបស់មនុស្សប៉ុណ្ណោះ តើខ្ញុំតយុទ្ធនឹងសត្វសាហាវ នៅក្រុងអេភេសូបានប្រយោជន៍អ្វី? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ចូរយើងនាំគ្នាគិតតែពីស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងមុខតែស្លាប់មិនខាន។
33. សូមបងប្អូនកុំភាន់ច្រឡំ “មិត្តអាក្រក់តែងនាំឲ្យខូចទម្លាប់ល្អ”។
34. ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្តអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូន មិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យបងប្អូនខ្មាសខ្លួន។