១ កូរិន‌ថូស 15:12-20 Khmer Standard Version (KHSV)

12. ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ដ*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?

13. ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ដ​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ

14. ហើយ​បើ​ព្រះ‌គ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បង‌ប្អូន ក៏​គ្មាន​ន័យ​អ្វី​ដែរ។

15. បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ អំពី​ព្រះ‌ជាម្ចាស់​ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ដែរ

16. ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ដ​ក៏​មិន​រស់​ឡើង​វិញ​ដែរ

17. ហើយ​បើ​ព្រះ‌គ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បង‌ប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បង‌ប្អូន​នៅ​តែ​ជាប់​បាប​ដដែល។

18. រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។

19. ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ដ សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!

20. ប៉ុន្តែ ព្រះ‌គ្រិស្ដ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។

១ កូរិន‌ថូស 15