1. បងប្អូនអើយ ខ្ញុំសូមរំឭកបងប្អូន ដំណឹងល្អ*ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។
2. ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាក ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។
3. មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។
4. គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។
5. ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក*ទាំងដប់ពីររូបឃើញដែរ។
6. បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានទទួលមរណភាព ផុតទៅហើយ។
7. បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។