1. បងប្អូនអើយ ខ្ញុំសូមរំឭកបងប្អូន ដំណឹងល្អ*ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។
2. ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាក ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។
3. មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។
4. គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។
5. ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក*ទាំងដប់ពីររូបឃើញដែរ។
6. បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានទទួលមរណភាព ផុតទៅហើយ។
7. បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។
8. ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ
9. ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់។
10. ប៉ុន្តែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។
11. ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អ*នេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។
12. ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ដ*មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
13. ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្ដក៏មិនមានព្រះជន្មរស់ឡើងវិញដែរ
14. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។
15. បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីព្រះជាម្ចាស់ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ។ ប៉ុន្តែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញដែរ
16. ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្ដក៏មិនរស់ឡើងវិញដែរ