28. ប្រសិនបើគ្មានអ្នកបកប្រែទេនោះ បងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចម្លែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ត និងនិយាយទៅកាន់ព្រះជាម្ចាស់បានហើយ។
29. រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។
30. បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវឲ្យអ្នកកំពុងនិយាយផ្អាកសិន
31. ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្តគ្រប់ៗគ្នា។
32. ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល
33. ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ត។
34. សូមឲ្យស្ត្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។
35. ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ត្រីៗនិយាយក្នុងក្រុមជំនុំ មិនសមរម្យទេ។
36. តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល?
37. ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ
38. ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។
39. ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនឲ្យនិយាយភាសាចម្លែកអស្ចារ្យឡើយ