20. បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។
21. ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា: «យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។
22. ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។
23. ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ*ទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។
24. ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។
25. ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្តរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ទាំងប្រកាសថា: «ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!»។
26. បងប្អូនអើយ ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សម្តែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ* ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។
27. បើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យពីរ ឬបីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។