12. រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសម្រាប់កសាងក្រុមជំនុំ*។
13. ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យត្រូវអធិស្ឋាន*សុំឲ្យចេះបកប្រែន័យផង។
14. ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចម្លែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្តែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។
15. ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។
16. បើបងប្អូនអរព្រះគុណព្រះអង្គ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ែន» យល់ស្របនឹងពាក្យអរព្រះគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!
17. បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។
18. ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត
19. ក៏ប៉ុន្តែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។
20. បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។
21. ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា: «យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។
22. ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។