21. ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។
22. ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់
23. ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។
24. រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្តទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត
25. ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។
26. ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
27. បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។
28. ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឲ្យមានសាវ័ក* បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺឲ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំ ព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ*។
29. តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?
30. តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺឲ្យជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?