2. បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយបងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។
3. ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ*ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់»បានដែរ។
4. មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានឲ្យ។
5. មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។
6. មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។
7. ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម
8. គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។
9. ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ
10. ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ* ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ
11. ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។
12. ព្រះគ្រិស្ដ*ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
13. យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ*ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
14. រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។
15. បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។
16. បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។
17. ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?
18. តាមពិត ព្រះជាម្ចាស់ប្រទានឲ្យសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។