១ កូរិន‌ថូស 12:1-12 Khmer Standard Version (KHSV)

1. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។

2. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បង‌ប្អូន​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នៅ​ឡើយបង‌ប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះ‌ក្លែង‌ក្លាយ​ដែល​មិន​ចេះ​និយាយ។

3. ហេតុ​នេះ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ណែ‌នាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ណែ‌នាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់»​បាន​ដែរ។

4. មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​ប្រទាន​ឲ្យ។

5. មាន​មុខ‌ងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ដដែល។

6. មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។

7. ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្តែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម

8. គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។

9. ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ

10. ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះ‌បន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ

11. ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

12. ព្រះ‌គ្រិស្ដ*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។

១ កូរិន‌ថូស 12