16. ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថា យើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំនុំ*របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។
17. ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះ ខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើឲ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ
18. ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ* នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។
19. ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីឲ្យដឹងថាអ្នកណាពិតជាមានចិត្តស៊ូទ្រាំយ៉ាងស្មោះមែន។
20. ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់*ទេ
21. ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។
22. តើបងប្អូនគ្មានផ្ទះសម្បែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស? តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!
23. រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប៉័ងមកកាន់
24. ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
25. លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
26. រៀងរាល់ពេលដែលបងប្អូនពិសានំប៉័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។
27. ហេតុនេះ ប្រសិនបើអ្នកណាពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។
28. ដូច្នេះ ម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់
29. ដ្បិតអ្នកណាពិសានំប៉័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
30. ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូន មានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។