4. និងបានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះ គឺព្រះគ្រិស្ដ។
5. ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។
6. ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ ដូចបុព្វបុរសឡើយ។
7. សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរាំសប្បាយ»។
8. យើងមិនត្រូវបណ្ដោយខ្លួន ឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។
9. យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។
10. សូមកុំរអ៊ូរទាំ ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។
11. ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
12. ដូច្នេះ បើអ្នកណានឹកស្មានថា ខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។
13. គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យមារ*ល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។