20. ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។
21. បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។
22. ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
23. យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យចម្រើនឡើងបានឡើយ។
24. កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។
25. បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ត មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ
26. ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់»។
27. ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។
28. ប៉ុន្តែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។
29. ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ត បែរជាត្រូវសម្របទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ?
30. ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរព្រះគុណព្រះជាម្ចាស់ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារ ដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ?
31. ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
32. សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដាសាសន៍ក្រិក ឬក្រុមជំនុំ*របស់ព្រះជាម្ចាស់ជំពប់ចិត្តឡើយ។
33. រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលការសង្គ្រោះ។