14. ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។
15. ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។
16. ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដ រីឯពេលដែលយើងកាច់នំប៉័ង ក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្ដដែរ។
17. មាននំប៉័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។
18. សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍ អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម*ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។
19. ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ?
20. ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។
21. បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។
22. ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
23. យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យចម្រើនឡើងបានឡើយ។