10. សូមកុំរអ៊ូរទាំ ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។
11. ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
12. ដូច្នេះ បើអ្នកណានឹកស្មានថា ខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។
13. គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យមារ*ល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។
14. ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។
15. ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។
16. ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដ រីឯពេលដែលយើងកាច់នំប៉័ង ក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្ដដែរ។
17. មាននំប៉័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។
18. សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍ អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម*ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។
19. ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ?