12. គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ដ!»។
13. តើព្រះគ្រិស្ដបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក*ក្នុងនាមប៉ូល?
14. ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។
15. ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។
16. ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។
17. ព្រះគ្រិស្ដពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះអង្គចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះគ្រិស្ដនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។