១ កូរិន‌ថូស 1:11-25 Khmer Standard Version (KHSV)

11. បង‌ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បង‌ប្អូន

12. គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ!»។

13. តើ​ព្រះ‌គ្រិស្ដ​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បង‌ប្អូន? ឬ​មួយ​ក៏​បង‌ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល?

14. ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីស‌ប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។

15. ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។

16. ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។

17. ព្រះ‌គ្រិស្ដ​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ព្រះ‌អង្គ​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះ‌គ្រិស្ដ​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម‌សារ។

18. អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់

19. ដ្បិត​មាន​ចែង​ទុក​មក​ថា: «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»។

20. ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។

21. ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​នោះ​បាន​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។

22. សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា

23. រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រិស្ដ*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។

24. ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រិស្ដ​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។

25. អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។

១ កូរិន‌ថូស 1