10. បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ*ជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។
11. បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន
12. គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ដ!»។
13. តើព្រះគ្រិស្ដបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក*ក្នុងនាមប៉ូល?
14. ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។
15. ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។
16. ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។
17. ព្រះគ្រិស្ដពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះអង្គចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះគ្រិស្ដនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។
18. អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះគ្រិស្ដ*សោយទិវង្គតនៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់
19. ដ្បិតមានចែងទុកមកថា: «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។
20. ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។
21. ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសម្តែងឲ្យគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។
22. សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា
23. រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដ*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។
24. ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្ដថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។
25. អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។