9. យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភ័ក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
10. ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើឲ្យយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ព្រះអង្គទេ
11. គឺបទបញ្ជាដែលព្រះអង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។
12. ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវឲ្យកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចម្រុងចម្រើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក ឲ្យកូនចៅរបស់អ្នករហូតតរៀងទៅ”។
13. ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។
14. យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ព្រះអង្គ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ព្រះអង្គមុខជាព្រះពិរោធទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ ឥតទុកឲ្យនៅសេសសល់ឡើយ។
15. បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិត ហេតុនេះហើយបានជាព្រះអង្គទុកឲ្យយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ទាំងមានបាប។ ធម្មតា អ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ»។